Our social:

Tuesday, May 2, 2017

អ្នក​ជំនាញ​ថា និស្សិត IT កម្ពុជា​ខ្វះ​ជំនាញ​ទន់

បញ្ចប់​ការ​សិក្សា​ជំនាញ​ព័ត៌មាន​វិទ្យា​ (IT) តែ​មួយ​មុខ មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​និស្សិត​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​នោះ​ឡើយ។ នៅ​ឯ​កម្មវិធី​បារខែម (barcamp) ក្រោម​ប្រធាន​បទ «ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន» ដែល​រៀប​ចំ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាល​ពីចុង​សប្ដាហ៍​កន្លង​មក អ្នក​ជំនាញ​មក​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន និង​អង្គការ​មួយ​ចំនួន ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ព័ត៌មានវិទ្យា បាន​ណែនាំ​និស្សិត​​ជំនាញ IT ឲ្យ​សិក្សា​ជំនាញ​ដទៃ​ទៀត ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​នៅ​ក្នុងជីវិត។
លោក ស គីណាល់ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Aplus Consulting បាន​ឲ្យដឹង​ថា អ្នក​សិក្សា​ព័ត៌មាន​វិទ្យា​ភាគ​ច្រើន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ គឺ​កង្វះ​ខាត​ជំនាញ​ទន់។ លោក គីណាល់ និយាយ​ថា​៖ «អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា មាន​តែ​ជំនាញ​រឹង ខ្វះ​ជំនាញ​ទន់ ប្រៀប​ដូច​មនុស្ស​យន្ត​អីចឹង»។ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង នាយក​គ្រប់​គ្រង​រូប​នេះ ចាត់​ទុក​ជំនាញ​ទន់ គឺ​ជា​កត្តា​សំខាន់​ដើម្បី​ឈាន​ទៅ​ភាព​ជោគ​ជ័យ​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌មាន​វិទ្យា។
ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក រុន សារឹម ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ស្វែង​រក​ជំនួយ នៃ​អង្គការ​ Passerelles Numerci Cambodia (PNC) បាន​ចាត់​ទុក​ស្វ័យ​សិក្សា​គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ទទួល​បាន​ភាគ​ជោគ​ជ័យ​ទាំង​ការ​សិក្សា និង​ការងារ។ ដោយ​បាន​ណែនាំ​ឲ្យ​យុវជន​កម្ពុជា​ចេះ​ជ្រើស​រើស​បុគ្គល​ល្បីៗ​ធ្វើ​ជា​គំរូ លោក​និយាយ​ថា​៖ «ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង អាច​ឲ្យ​យើង​ស្វែង​យល់​ពី​មជ្ឈ​ដ្ឋាន​ជុំ​វិញ និង​អាច​ទទួល​បាន​អ្វី​ថ្មីៗ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នៅ​សាលារៀន និង​ការងារ»។

0 comments:

Post a Comment